មន្ត្រីថៃនិយាយថា ប្រមុខរដ្ឋាភិបាលថៃ និងកម្ពុជា អាចនឹងជួបគ្នា
អគ្គលេខាធិការរបស់អាស៊ាន លោក ស៊ូរិន ពិតសុវណ្ណ បាននិយាយប្រាប់កាសែតថៃ បាងកកប៉ុស្តិ៍ កាលពីថ្ងៃទី១៩ ខែសីហានេះថា ប្រមុខរដ្ឋាភិបាលថៃ និងកម្ពុជា អាចនឹងជួបគ្នា ហើយពិភាក្សាគ្នាអំពីទំនាស់ព្រំដែនប្រាសាទព្រះវិហារ ។ បើអាចកើតមានមែន ជំនួបនេះនឹងត្រូវប្រព្រឹត្តទៅនៅក្នុងឱកាសនៃកិច្ចប្រជុំអាស៊ាន អឺរ៉ុប ដែលនឹងត្រូវប្រព្រឹត្តទៅនៅក្នុងទីក្រុងប្រ៊ុចស៊ែល ប្រទេសប៊ែលហ្ស៊ីក ក្នុងដើមខែតុលាខាងមុខ ។ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានប្រាប់អ្នកកាសែតថា លោក ស៊ូរិន ពិតសុវណ្ណ បានសួរទៅសម្តេចតេជោនាយករដ្ឋមន្ត្រីថា “ ប្រសិនបើលោកនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត ចង់ជួបសម្តេច តើសម្តេចយល់ព្រមដែរឬទេ? សម្តេចឆ្លើយថា ប្រសិនបើនាយករដ្ឋមន្ត្រីថៃ ចង់ជួបមែន សម្តេចនឹងអោយជួប ” ។ ប៉ុន្តែ បើតាមការបញ្ជាក់របស់លោក កុយ គួង រហូតមកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានអ្វីពីរដ្ឋាភិបាលក្រុងបាងកកនៅឡើយទេ ។ សំណួររបស់លោកអគ្គលេខាធិការអាស៊ានទៅសម្តេចនាយករដ្ឋមន្ត្រី វាជួនគ្នានឹងការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសថៃ ដែលនិយាយថា ថៃចង់ដោះស្រាយជម្លោះជាមួយកម្ពុជាដោយយន្តការទ្វេភាគី ។ មន្ត្រីអ្នកនាំពាក្យរបស់ក្រសួងការបរទេសថៃ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា នេះដែរថា ដើម្បីឆ្លើយតបទៅប្រធានអាស៊ាន រដ្ឋមន្ត្រីការបរទេសថៃ នឹងធ្វើលិខិតមួយផ្ញើទៅប្រមុខការទូតវៀតណាម ដែលជាប្រធានអាស៊ាន ដើម្បីពន្យល់ថា ថៃចង់ដោស្រាយជម្លោះជាមួយកម្ពុជា ដោយទ្វេភាគី ដោយមិនចាំបាច់មានភាគីទីបីឡើយ ។ លោក កុយ គួង បានពន្យល់ថា នៅពេលណាដែលរដ្ឋមន្ត្រីការបរទេសថៃ ផ្ញើលិខិតផ្លូវការប្រាប់ទៅប្រធានអាស៊ានអំពីជំហររបស់ខ្លួនថា នៅប្រកាន់យន្តការទ្វេភាគីដែលកម្ពុជាអស់ជំនឿទៅហើយនោះ កម្ពុជានឹងបន្តពិចារណាដើរទៅមុខស្វែងរកយន្តការពហុភាគីផ្សេងទៀត ។ លោក កុយ គួង ថ្លែងថា “ យើងមិនទុកឲ្យជម្លោះនេះ នៅជាប់គាំងរហូតអីចឹងទេ ។ យើងបាននិយាយហើយ យើងបានត្រៀមគ្រប់យន្តការទាំងអស់ហើយ ។ យើងយល់ថា យន្តការទ្វេភាគីគាំងស្តូកហើយ ” ៕ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលំហាត់ទ្រឹស្ដីដើម្បីបង្ការជំងឺរាតត្បាត
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលំហាត់ទ្រឹស្ដីដើម្បីត្រៀមបង្ការ និងឆ្លើយតបនឹងជំងឺរាតត្បាតជាសកល ដោយផ្ដោតទៅលើជំងឺគ្រុនផ្ដាសាយ ដែលកំពុងបង្កក្ដីកង្វល់ក្នុងតំបន់អាស៊ាន និងពិភពលោក។ លំហាត់ទ្រឹស្ដីនេះ មានរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែសីហា។ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក រស់ សុវណ្ណ នៅថ្ងៃអង្គារ ទី១០ ខែសីហា បានប្រាប់វិទ្យុអាស៊ីសេរីថា កម្ពុជានឹងធ្វើជាផ្ទះកិច្ចប្រជុំលំហាត់ទ្រឹស្ដីជាលក្ខណៈអន្តរជាតិ ដើម្បីត្រៀមប្រយុទ្ធ និងបង្ការជំងឺរាតត្បាតជាសកល ដោយលើកយកប្រធានបទជំងឺផ្ដាសាយមកធ្វើការសិក្សា ពីព្រោះប្រភេទជំងឺនេះ ជាជំងឺរាតត្បាត។ លោក រស់ សុវណ្ណ បន្ថែមថា ក្នុងកិច្ចនេះមន្ត្រីជំនាញអាស៊ាន និងមន្រ្តីអង្គការសហប្រជាជាតិ នឹងពិភាក្សារិះរកវិធានការដើម្បីបង្ការកុំឲ្យជំងឺផ្ដាសាយឆ្លងពីមនុស្សទៅមនុស្ស។ លោកថា ជំងឺផ្ដាសាយមិនមែនជាជំងឺធម្មតានោះទេ។ កន្លងមកការរាតត្បាតនៃជំងឺផ្ដាសាយរួមមាន ជំងឺផ្ដាសាយថ្មី A(H1N1) និងជំងឺគ្រុនផ្ដាសាយបក្សី H5N1 បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា និងសេដ្ឋកិច្ចប្រទេសក្នុងតំបន់ ដោយសារការធ្លាក់ចុះនៃចំនួនអ្នកទេសចរណ៍។ លោក រស់ សុវណ្ណ មានប្រសាសន៍ដូច្នេះ ៖ «យើងព្រួយបារម្ភខ្លាចវាទៅចាប់គ្នាជាមួយនឹងមេរោគផ្ដាសាយមនុស្សដទៃទៀត ដែលមានក្នុងបរិយាកាស ឬក៏មាននៅមនុស្សយើងហ្នឹង វាអាចវិវឌ្ឍទៅជាប្រភេទវីរុសផ្សេងណាមួយទៅ វាអាចខ្លាំងជាងមុន អាចបង្កការចម្លងរហ័សជាង ហើយអាចធ្វើឲ្យរលាកផ្លូវដង្ហើមធ្ងន់ធ្ងរជាង វានឹងអាចផ្ទុះទៅជាជំងឺរាតត្បាតសកលធំធេង ហើយធ្វើឲ្យខូចខាតអាយុជីវិតមនុស្សច្រើន អ៊ីចឹងវាធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចសង្គមទាំងមូលតែម្ដង»។ របាយការណ៍របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីជំងឺផ្ដាសាយថ្មី A(H1N1) មកទល់ថ្ងៃទី៥ ខែសីហានេះ មានចំនួន ៧២១ករណី។ ជំងឺនេះបានសម្លាប់មនុស្សចំនួន ៦នាក់ហើយ។ សេចក្ដីប្រកាសព័ត៌មានរួមរបស់សមាគមអាស៊ាន និងអង្គការសហប្រជាជាតិ ចេញនៅថ្ងៃអង្គារ ទី១០ ខែសីហា បានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងដើម្បីបង្កើនសមត្ថភាពប្រទេសជាសមាជិកអាស៊ាន ដើម្បីចូលរួមត្រៀមរៀបចំឆ្លើយតបប្រយុទ្ធនឹងការរាតត្បាតដែលមានលក្ខណៈធ្ងន់ធ្ងរ ដែលអាចជាគ្រោះថ្នាក់ដល់តំបន់ទាំងមូល។ អគ្គលេខាធិការអាស៊ាន លោក ស៊ូរិន ពិតស៊ូវ៉ាន់ (Surin Pitsuwan) ថ្លែងក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា លំហាត់ទ្រឹស្ដីនេះនឹងអាចរកឃើញការខ្វះខាតក្នុងការត្រៀមរៀបចំដើម្បីបង្ការជំងឺរាតត្បាត ហើយនិងបង្កើតជាគម្រោងសម្រាប់ការទប់ស្កាត់ជំងឺរាតត្បាតជាលក្ខណៈតំបន់ ហើយចំណេះដឹងពីលំហាត់ទ្រឹស្ដីនេះ អាចជាមេរៀនសម្រាប់ការទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិផងដែរ៕
អត្ថបទ RFA - វិទ្យុអាស៊ីសេរី

មានការអះអាងថា រោងចក្រចំនួន៦០ ត្រូវបានបើកឡើងវិញគិតត្រឹមពាក់កណ្តាលឆ្នាំនេះ
ភ្នំពេញ: រោងចក្រកាត់ដេរចំនួន៦០ ទាំងរោងចក្រថ្មីនិងចាស់ ត្រូវបានគេរាយការណ៍ថា បានបើកដំណើរបើគិតមកត្រឹមពាក់កណ្តាលឆ្នាំនេះ។មន្ត្រីកម្ពុជាបានពណ៌នាថា នេះជាសញ្ញាល្អក្នុងវិសយ័វាយនភណ្ឌនៅកម្ពុជាដែលជាប្រភពស្រូបកំលាំងពលកម្មដ៏ធំ។ របាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជា្ជជីវៈបានឲ្យដឹងថា ក្នុងឆមាសទី១ឆ្នាំនេះ មានរោងចក្រទាំងថ្មីទាំងចាស់ចំនួន ៦០ បានបើកដំណើរការឡើងវិញ ជាមួយ នឹងការស្រូបយកកម្លាំងពលកម្មប្រមាណ ១៥ ០០០ នាក់។លោក អ៊ុំ មាន រដ្ឋលេខា ធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជា្ជជីវៈ បាននិយាយថា រោងចក្រជាច្រើនកំពុងតែវិលត្រលប់មកដំណើរការឡើងវិញ ស្របពេលដែលទំហំនៃការបញ្ជាទិញសំលៀកបំពាក់ពីបរទេសមានសន្ទុះកើនឡើងជាថ្មី។ តាមរបាយការណ៍របស់ក្រសួងនេះបានឲ្យដឹងថា កាលពីឆ្នាំ២០០៩ រោងចក្រកាត់ដេរនិងរោងចក្រស្បែកជើងចំនួន១០៦ បានបិទនិងបានធ្វើឲ្យកម្មករចំនួន៤៥ ០០០ នាក់គ្មានការងារធ្វើ៕
អត្ថបទសារព័តមាន CEN